​លោក ឈុន សុភមង្គល​មេ​គយ​ខេត្តឧត្ដរមានជ័យ​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ស្រង់ដើម​មិន​ញញើត​និង​ច្បាប់​កែរ​ទម្រង់​លើ​ការប្រមូល​ពន្ធ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​សោះ !

ខេត្ត​ឧត្តរមានជ័យ ៖ ដោយ ថៃ ប៊ុន​រិទ្ធ​
​សេចក្តីរាយការណ៍ ថ្មីៗ​ពី​មន្ត្រី​នៅ ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ បានឲ្យដឹងថា បច្ចុប្បន្ន​ឈ្មួញ​ធំៗ មួយចំនួន​បន្ត​នាំ​ចូល​ទំនិញ គេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​យ៉ាង​ពេញ បន្ទុក​ដោយសារ​មាន​ការឃុប ឃិត​បើកដៃ​ពី​សំណាក់​លោក គួន សុភាព ប្រធានការិយាល័យ​គ យ​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់​។​

​សេចក្តីរាយការណ៍ ដែល​ស្និទ្ធ​នឹង​លោក គួន សុភាព មេ​គយ​ច្រក​អូរ​ស្មាច់ បានឲ្យដឹងថា ការដែល​លោក គួន សុភាព ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​មាន​ការសម្របសម្រួល​ពី​សំណាក់​លោក ឈុន សុភមង្គល ដែល​ជា​ប្រធាន​សាខាគយ​ខេត្ត​ឧត្ដរមានជ័យ ផង​ដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​។​

​ប្រសិនបើ​គ្មាន​ការសម្របសម្រួល​ពី​សំណាក់​លោក ឈុន សុភមង្គល ទេ​នោះ​គឺ​លោក គួន សុភាព មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់​ខ្លួន​ដូច​សព្វថ្ងៃនេះ​ទេ ជា​ពិសេស​ពាក់ព័ន្ធ​នឹង​ការឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​។​បើ​តាម​ប្រភព​ពី​មន្ត្រី​គយ​នៅក្នុង​ខេត្ត​ឧត្ដរមានជ័យ មួយចំនួន​បាន​បង្ហើប​ឲ្យដឹងថា ក្រោយ​ពេល​ប្រកាស​ចូល​កាន់តំណែង​ជា​ប្រធាន​សាខាគយ​ខេត្ត​ឧត្ដរមានជ័យ រួច​មក​គឺ​លោក ឈុន សុភមង្គល កំពុង​ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​គឃ្លើន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​

​ទាក់ទិន​បញ្ហា​នោះ ប្រភព​បានឲ្យដឹង​ទៀតថា ថ្មីៗ​នេះ​រឿងអាស្រូវ​ពុករលួយ​របស់លោក ឈុន សុភមង្គល ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់ ប៉ុន្តែ​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិនទាន់​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់​លោក ឈុន សុភមង្គល មេ​គយ​ខេត្ត​ឧត្ដរមានជ័យ នោះទេ​។​

​ទន្ទឹមនឹងនេះ​លោក គុណ ញឹម ដែល​ជា​មេ​គយ​ធំ ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ទុកឲ្យ​លោក ឈុន សុភមង្គល ប្រធាន​សាខាគយ​ខេត្ត​ឧត្ដរមានជ័យ ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់​ខ្លួន​។​ចំណែក​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​ជាំ ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ ក៏​បានឲ្យ​ដឹង​ដែរ​ថា​បច្ចុប្បន្ន​មេគយ​ច្រកទ្វារ​អន្តរជាតិ​ជាំ នៅតែ​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​យ៉ាង​សុខ​ស្រួល​។​

​ដោយឡែក​បើ​តាម​មន្ត្រី​នៅ​ច្រក​ជប់​គគីរ ស្រុក​បន្ទាយ​អម្ពឹល ក៏​បាន​បង្ហើប​ឲ្យដឹង​ដែរ​ថា​មេគយ​ប្រចាំ​ច្រក​នេះ​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​ប្រេងសាំង​គេចពន្ធ និង​ទំនិញគេចពន្ធ​យ៉ាង​រលូន​ដោយ​គ្មាន​ញញើត​អ្វី​ឡើយ​។​បញ្ហា​នេះ​កំពុង​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​ក្នុង​មួយ​ខែៗ ហើយ​ផលប្រយោជន៍​បាន​ទៅ​លើ​លោក ឈុន សុភមង្គល និង​បក្ខពួក​ដែល​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញបន្ទុក​។​

​សេចក្តីរាយការណ៍​ខ្លះ​បានឲ្យដឹង​ថា​លោក ឈុន សុភមង្គល ហ៊ាន​ចំណាយ​ដើមទុន​យ៉ាងច្រើន​ដើម្បី​ទទួលបាន​តំណែង​ជា​មេ​គយ​ខេត្ត​ឧត្ដរមានជ័យ ទើប​ខំប្រឹង​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដើម្បី​ស្រង់​ដើមពី​ការចំណាយ​ទិញ​បាន​កៅអី​ជា​មេ​សាខាគយ​បាន​ខេត្ត​ឧត្តរ​មានជ័យ​នោះ​៕

Leave a Reply

Your email address will not be published. Required fields are marked *